អាថ៍កំបាំងនៃប្រាង្គប្រាសាទបុរាណដ៏មានតំលៃ នៅដើម សតវត្សរ៍ទី១០
- lonborey
- Feb 17, 2018
- 1 min read

ប្រាសាទក្រវ៉ាន់ មានទីតាំងស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។ ប្រាសាទក្រវ៉ាន់ កសាងនៅក្នុងឆ្នាំ៩២១ សតវត្សរ៍ទី១០ ដែលស្ថាបនាឡើងក្នុងរាជ្យព្រះមហាក្សត្រ ព្រះបាទ ហស៌វរ្ម័នទី១ (Harshavarman I) ដោយប្តូរពីរចនាប័ទ្មបាក់ខែង ទៅតាមរចនាបថកោះកេរ្ដិ៍ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។
ឈ្មោះនៃប្រាសាទក្រវ៉ាន់នេះ រហូតមកដល់សព្វថ្ងៃនេះ គឺមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើឈ្មោះនេះ បានមកពីប្រភពណា? តាមការសរសេរនៅក្នុងសៀវភៅបរទេស ភាគច្រើនដែលស្តាប់ ប្រជាជនអានមិនច្បាស់ ទៅជាសរសេរ ក្រវាញ តែតាមការពិតប្រជាជនហៅប្រាសាទនេះថា ក្រវ៉ាន់ ព្រោះប្រជាជនយល់ថាក្រវ៉ាន់ នេះជាឈ្មោះផ្កាមួយប្រភេទដែលសំបូរនៅម្តុំនោះ។
បើយើងធ្វើដំណើរ ចេញពីទីប្រជុំជនក្រុងសៀមរាប រួចបន្តដំណើរមកប្រាសាទអង្គរតូច ហើយបត់ស្ដាំដៃ ក្នុងចំងាយជិត ៣គីឡូម៉ែត្រ ឆ្ពោះទៅកាន់ស្រះស្រង់នោះនឹងបានប្រទះ ឃើញនូវសម្រស់ដ៏ស្រស់ត្រកាល របស់ប្រាសាទក្រវ៉ាន់ ដែលមានវ័យចំណាស់ក្នុងចំណោមប្រាង្គប្រាសាទបុរាណនានា ដែលបានកសាងអំពីឥដ្ឋ។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច ប៉ុន្តែចម្លាក់ឥដ្ឋនេះ នៅមានលក្ខណៈល្អឥតខ្ចោះ និងស្រស់វិចិត្រ ជាពិសេសចម្លាក់ព្រះអាទិទេពមួយអង្គស្ថិតក្នុងឥរិយាបទឈររាំយ៉ាងសង្ហា។
ប្រាសាទនេះមានតួប៉មប្រាំដែលបែរមុខទៅទិសខាងកើត។ នៅពេលណាយើងបានមកដល់ខ្លោងទ្វារប្រាសាទក្រវ៉ាន់ ហើយយើងសម្លឹងមើលទៅតួប្រាសាទ នឹងឃើញមានកំពូលប៉មទាំង៥ សង់អំពីឥដ្ឋនៅលើខឿនតែមួយ ដែលតម្រៀបគ្នាមួយជួរយ៉ាងត្រង់។ តួប៉មនីមួយៗ មានជណ្តើរមួយៗ ព្រមទាំងមានទ្វារចូលតែមួយទៀតផង ហើយមានសភាពបាក់បែកអស់តួប៉មចំនួន៤ ហើយតួប៉មចំនួន៥ មាន៣ទំហំខុសៗគ្នាផងដែរ។ នៅចំតួប៉បមកណ្តាលមានទំហំធំជាងគេ ចំណែកឯតួប៉មពីរអមសងខាង មានទំហំតូចជាងបន្តិច ហើយតួប៉មដែលនៅអមសងខាងចុងក្រោយបំផុត គឺមានទំហំតូចជាងគេ។

នៅក្នុងតួប៉មប្រាសាទក្រវ៉ាន់មានចម្លាក់ជាច្រើន ដែលរៀបរាប់អំពីរឿងទេវកថា របស់អាទិទេពព្រះវិស្ណុ និងក្រុងពាលី។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទក្រវ៉ាន់ក៏នៅមានចម្លាក់អំពីអាពាហ៍ពិពាហ៍របស់ព្រះវិស្ណុ និងព្រះនាងលក្ម្សីផងដែរ។
នៅលើជញ្ជាំងនៃប្រាង្គធំ ដែលត្រូវបានជួសជុលដោយ លោកហ្គ្រោលីយេ ជាជនជាតិបារាំង យើងឃើញមានចម្លាក់មួយតំណាងឲ្យព្រះអាទិទេពមួយអង្គស្ថិតក្នុងឥរិយាបទ ប្រថាប់ឈររាំយ៉ាងសង្ហា ដោយមានព្រះបាទមួយ(ជើង១) ប្រថាប់លើបល្ល័ង្គ ហើយចម្លាក់មួយទៀតដែលគួរឱ្យភ្ញាក់អារម្មណ៍ជាង គេនោះនៅលើផ្កា ឈូករីកក្រពុំមួយ គួរឲ្យគយគន់ណាស់។ រីឯព្រះហត្ថទាំង៤វិញ ប្រដាប់ដោយកេតនភណ្ឌដូចជា កងចក្រទិព្វ ខ្យងសង្ខ ដំបងសិល្ប៍ និងដុំមូលតំណាងឱ្យពិភពផែនដី។
នៅផ្នែកខាងក្រោមព្រះបាទរបស់ព្រះអាទិទេពអង្គនេះ គេឃើញមានស្ត្រីម្នាក់កំពុងភាវនាវធម៌ ដែលដៃកាន់ទងផ្កាឈូក គឺព្រះនាងលក្ម្សី ដែលជាព្រះជាយា ឬទេពីរបស់ទ្រង់។ អ្វីដែលគួរឲ្យ កត់សម្គាល់ជាង នោះទៀត គឺនៅក្រោយខ្នងរបស់ព្រះនាង គេឃើញមានគំនូសរាង អង្គាញ់ៗតំណាងឲ្យទឹកសមុទ្រ។
ឥរិយាបទរាំរបស់ព្រះវិស្ណុបែបនេះ ត្រូវបានគូសបញ្ជាក់តាមរយៈគម្ពីរតៃត្តិរីយាសម្ហិតា និងវាជសនេយិ សម្ហិតា ដែលសិក្សាដោយលោក កោម ស្វាមី អ្នកប្រាជ្ញជាតិឥណ្ឌា និងលោកហ្ស៊កសឺដែស អ្នកកត់ត្រាសិលាចារឹកខ្មែរផងដែរ (Cf. COEDES, G. Inscription du Cambodge, Vol III. St. XXV) ។
ដូចនៅក្នុងវិស័យបដិមាកម្មនៅប្រទេសកម្ពុជាដែរ គេក៏បានជួបប្រទះនូវចម្លាក់បុរាណជាច្រើននៅប្រទេសថៃ និងលាវ ដែលតំណាងព្រះវិស្ណុក្នុងឥរិយាបទដូចគ្នានេះដែរ ទោះបីយើងពុំទាន់មានការសិក្សាលំអិតក្តី។ ករណីនេះ គេបានឃើញចម្លាក់នៅហោជាងនៃប្រាសាទភិមាយប្រាសាទភ្នំរុង និងសិរភូមិ ឬក៏ប្រាសាទវត្តភូជាដើម។ វត្តមានរបស់ចម្លាក់ទាំងនោះ បង្ហាញអំពីមហិទ្ធិឫទ្ធិ និងភាពល្បីល្បាញ នៃព្រះវិស្ណុក្នុងសម័យអង្គរក្នុងអម្លុង សតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១២។
តាមពិតទៅ តាមរយៈចម្លាក់ព្រះវិស្ណុ ត្រីវិក្រមខាងលើនេះ វិចិត្រករខ្មែរចង់បង្ហាញឲ្យសាសនិកជន ដឹងនូវជម្រៅឥទ្ធិពលពិសិដ្ឋរបស់ទ្រង់ ក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្ត ពីព្រោះលោកយើងនេះ ពីកប្បមួយទៅកប្បមួយ រមែងតែងត្រូវបំផ្លាញវិនាសមហន្តរាយ ហើយក៏ត្រូវបង្កើត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញដែរ។ ព្រះអង្គបង្កើតលោកឡើងវិញ ដោយបំផ្លាញរាល់ឥទ្ធិពលអាក្រក់ តាមរយៈ “ការរាំវក់” នេះដែលជាមធ្យោបាយ ឬមាគ៌ាមួយសម្រាប់ទៅកាន់ទីរំលត់សភាវៈអាក្រក់ ឬទុក្ខតាមជំនឿព្រហ្មញ្ញសាសនា៕
--------------------------
ប្រភព៖ មីសែល ត្រាណេ
Comments