អាថ៍កំបាំងនៃការសាងសង់ប្រាសាទបន្ទាយឆ្មារ
- lonborey
- Feb 17, 2018
- 2 min read

តើបងប្អូនដឹងឬទេថាហេតុអ្វីបានជាបុព្វបុរសខ្មែរយើងកសាងប្រាសាទបន្ទាយឆ្មារនេះឡើង? សូមអានលម្អិតទាំងអស់គ្នាខាងក្រោមនេះ៖
ប្រាសាទបន្ទាយឆ្មារ កសាងឡើងក្នុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខាងជើងទីប្រជុំជនខេត្តជិត ៦០គ.ម ភាគពាយ័ព្យប្រទេសកម្ពុជា ។ បំណងនៃការកសាងគឺដើម្បីឧទ្ទិសដល់វីរភាពនៃព្រះរាជបុត្រឆ្នើមរបស់ព្រះបាទជ័យ វរ្ម័នទី៧ និងព្រះអគ្គមហេសីជ័យទេវី និងសញ្ជក (សេនាជំនិត) ៤រូប ដែលបានបូជាជីវិតក្នុងចម្បាំងបង្ក្រាបការ បះបោររបស់ពួកចាម ។ រូបចម្លាក់អវលោកិតិស្វរៈរបស់ប្រាសាទនេះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យយកជានិមិត្តរូបខេត្ត នាពេលបច្ចុប្បន្ន។
រូបចម្លាក់នៅជញ្ជាំងខាងលិចជ្រុងខាងជើង នៃប្រាសាទនេះ គឺមានបង្ហាញពីព្រះរាជបុត្រនាម ស្រិន្ទ្រៈកុមារ ទ្រង់គង់បររាជរថឧភរាជ យ៉ាងលឿនឆ្ពោះទៅមុខ។ នៅពីមុខរទេះនោះ គឺជារទេះនៃសេនា ឬជាប្រជារាស្ត្រ ដែលជួបនឹងគ្រោះអាក្រក់ គឺត្រូវសត្វរាហ៊ូ (និមិត្តរូបគឺសភាវៈអាក្រក់ឬយក្ស) បានស្ទាក់រួចលេបឧសភៈ (គោ) និង ម្ចាស់វា។
ពីលើរូបចម្លាក់នេះទៀតជារូបចម្លាក់នៃចម្បាំងដាវ ដ៏ជាញជ័យ រវាងព្រះរាជបុត្រ ស្រិន្ទ្រៈកុមារ និងរាហ៊ូ។
តាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ K….. អោយដឹងថា ស្រិន្រ្ទៈកុមារ ជាព្រះរាជបុត្រឆ្នើម និងសំណប់ព្រះទ័យ របស់ព្រះបាទជ័យវរ្ម័នទី៧ និងបានជំនួយពីសញ្ជក(សេនា) ៤រូបគឺ ១-អជ៌ន , ២-ទេព , ៣-វទ្ធន , ៤-ស្រីធរ និងទាហានជាច្រើនទៀត បានច្បាំងនឹងរាហ៊ូដែលជាប្រផ្នូលនិមិត្តនៃជនអាក្រក់ និងបំបះបំបោរខ្មែរ សៀមនៅខេត្តលពបូរី (សព្វថ្ងៃខេត្តនេះនៅប្រទេសសៀម ខាងលិចក្រុងបាងកក)។ រាហ៊ូបានយារយីព្រះជន្មព្រះស្រិន្ទ្រៈកុមារជាខ្លាំង តែត្រូវព្រះអង្គ និងសញ្ជកបង្ក្រាបបាន។
សិលាចារឹកវិមានអាកាសនៅខេត្តសៀមរាប និងប្រវត្តិប្រាសាទបន្ទាយឆ្មារស្រាវជ្រាវដោយអ្នកប្រាជ្ញបារាំងបញ្ជាក់ថា ព្រះរាជបុត្រីស្រិន្ទ្រកុមារ សេនាជំនិត និងពលយោធាទទួលទិសខាងលិចនៃព្រះនគរ បានបង្ក្រាបរាបទាប នូវពួកប្រជាអាណាគ្រាម និងទ័ពនៃមន្ត្រីអាក្រក់ នៅខេត្តលពបុរី។ ដែលក្រោយមកព្រះរាជបុត្រ ១អង្គទៀត នៃព្រះបាទជ័យវរ្ម័នទី៧ ត្រូវទៅកាន់ការ ជាចៅហ្វាយខេត្តនោះ(ស្តេចត្រាញ់)។
គួរបញ្ជាក់ដែរថា សិលាចារឹកបង្ហាញថា ព្រះរាជបុត្របង្កើតរបស់ព្រះបាទជ័យវរ្ម័នទី៧ និងព្រះអគ្គមហេសីជ័យទេវី (អគ្គមហេសីដើមឬទី១) មាន ៤អង្គ ដែលស្គាល់ឈ្មោះក្នុងចំណោមច្រើនអង្គ៖ ១-ព្រះសុរិយកុមារ ទ្រង់ជាកវីឯក ១អង្គ ក្នុងការតែងកាព្យសំស្ក្រឹត នៅសិលាចារឹកប្រាសាទតាព្រហ្ម។ ២-ព្រះវីរៈកុមារ ជាកវីតែងកាព្យជាភាសាសំស្ក្រឹតនៅប្រាសាទព្រះខ័ន។ ៣-ព្រះឥន្ទ្រវរ្ម័ន ជាចៅហ្វាយខេត្តលពបូរី បន្តគ្រប់គ្រងនៅលពបុរី បន្តពិព្រះស្រិន្ទ្រកុមារ ហើយនិងគ្រងរាជបន្តពីព្រះបិតា (1222-1243) ៤-ព្រះស្រិន្ទ្រកុមារ ជាប្រមុខមេទ័ព ដែលសុគត់នៅសមរភូមិ។
សិលាចារឹកប្រាសាទបន្ទាយឆ្មារអោយដឹងថា ខណៈព្រះអង្គជ័យវរ្ម័នទី៧ ទ្រង់កាន់ប្រមុខទ័ពទៅបង្ក្រាប ការបះបោររបស់ជនក្បត់នៅនគរចាម្ប៉ានោះ ព្រះនាងជ័យទេវី និងព្រះរាជបុត្រីគង់នៅឯរាជធានីអង្គរ ព្រមទាំង ព្រះបិតាព្រះនាងនាម តារានិន្ទ្រវរ្ម័ន ទ្រង់មានកង្វល់ជាខ្លាំង។ ឯព្រះបាទធរណិន្ទ្រវរ្ម័នទី២ (ព្រះបិតាព្រះជយវរ្ម័នទី៧) ទ្រង់ជាព្រះមហាក្សត្រ តែទ្រង់ប្រឈួនធ្ងន់ ហើយសោយទីវង្គត។ ព្រះបាទយសោវរ្ម័នទី២ (គ.ស ១១៦១-១១៦៥) ទ្រង់គ្រងរាជបន្ត។ ប៉ុន្តែមានមន្ត្រីក្បត់ម្នាក់បានលួចធ្វើឃាតព្រះអង្គ ហើយជ្រែករាជ្យដោយតាំងនាមថា ព្រះបាទត្រីភូនាទិត្យវរ្ម័ន (១១៦៥-១១៧៧)។
សូមរំលឹកថា ព្រឹត្តិការណ៍អាក្រក់ ១ទៀត គឺខណៈព្រះជ័យវរ្ម័ន យាងត្រលប់មកពីនគរចាម្ប៉ា ក្រោយពីដាក់ចំណុះមហានគរខ្មែរនោះ មានមេទ័ពម្នាក់នៅនគរចម្ប៉ាបានដឹកនាំទ័ពបះបោរ រួចរំដោះយកនគរពីក្រោមចំណុះមហានគរខ្មែរហើយ តាំងខ្លួនជាស្តេចក្នុងនាមថា ព្រះបាទឥន្ទ្រវរ្ម័នទី៤ ដែលជាស្តេចចងសម្ព័ន្ធមេត្រីនឹងនគរដាយវៀត ដែលថាមិនឈ្លានពានគ្នា។ បន្ទាប់មកស្តេចចាមនេះ លោភលន់ ហើយដឹកនាំទ័ពមកវាយបក និងត្រួតត្រាមហានគរខ្មែរដោយ ធ្វើគត់ព្រះបាទភូវិនាទិត្យវរ្ម័ន និងសម្លាប់ប្រជារាស្ត្រសម្លាប់ទ័ពខ្មែរប្លន់យកទ្រព្យសម្បត្តិរួចនាំយកទៅនគរខ្លួន។ ក្នុងពេលនោះព្រះជ័យវរ្ម័ន និងជាមេទ័ព ពលសេនាដ៏មានសេចក្តីអង់អាច រួមទាំងព្រះរាជបុត្រទ្រង់ព្រះនាម ស្រិន្ទ្រកុមារផង បានប្រយុទ្ធនឹងទ័ពនៃស្តេចនគរចម្ប៉ា(ចាម)នោះ រហូតបានឈ្នះ និងដេញខ្ចាត់ខ្ចាយ ហើយដាក់ នគរចាម្ប៉ាចំណុះជាថ្មីវិញ តែព្រះរាជបុត្រស្រិន្ទ្រកុមារទ្រង់សុគត។
ក្រោយចម្បាំងបង្ហូរឈាមនោះ ព្រះអង្គ ជ័យវរ្ម័នត្រូវបានឡើងគ្រងរាជសម្បត្តិជាមហាវីរក្សត្រក្នុងនាមថា ព្រះបាទវរ្ម័នទី៧(១១៨១-១២១៩)។ ទ្រង់ សព្វហឫទ័យសោមនស្សនឹងព្រះរាជកិច្ចនគរ ប្រជារាស្ត្រ ពលសេនា មន្ត្រីក្រមការ និងព្រះរាជវង្សានុវង្ស ហើយកសាងសមិទ្ធផលយ៉ាងច្រើនលើសលុប ក្នុងមហានគររហូតដល់ដែនសាមន្តរដ្ឋ។ ប៉ុន្តែទ្រង់នៅតែមាន វិប្បយោគជាទម្ងន់អំពីការបាត់បង់សមាជិកគ្រួសារពីររូប គឺព្រះរាជបុត្រ ស្រិន្ទ្រកុមារ និងបន្ទាប់មកព្រះរាជអគ្គ មហេសីជ័យទេវី សោយទីវង្គត់ដោយរោគា។
ផុតពីវេលាកាន់ទុក្ខនេះ ដោយសារមានសំណើពីព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្រ ឲ្យទ្រង់ អភិសេកអគ្គមហេសីថ្មី គឺព្រះនាងឥន្ទ្រទេវី ជាព្រះរាជកនិដ្ឋា(ប្អូនស្រី)នៃព្រះនាងជ័យទេវី។ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះអគ្គមហេសីឥន្ទ្រទេវី បានដឹកនាំព្រះនគរ បានរីកចំរើនល្បីល្បាញដល់កំពូល។
ក្នុងចំណោមសមិទ្ធផលសន្ធឹកសន្ធាប់គ្រប់ទិសទី ទ្រង់ក៏ចាត់អោយកសាងប្រាសាទបន្ទាយឆ្មារ១ដែរ សម្រាប់ឧទ្ទិសចំពោះវីរភាព ឬជាចំណងព្រហស្ថកិត្តិយសថ្វាយចំពោះព្រះរាជបុត្រស្រិន្ទ្រកុមារ និងសញ្ជក (សេនាជំនិត) ៤រូប ពលសេនាទាំងអស់ដែលបូជាជីវិតក្នុងការបង្ក្រាបការបះបោរនៃជនក្បត់ និងចម្បាំងនឹងនគរចាម។ នៅជញ្ជាំងខាងមុខនៃប្រាសាទបន្ទាយឆ្មារ មានរូបចម្លាក់ស្តីពីសកម្មភាពបញ្ជាទ័ពរបស់ព្រះបាទជ័យរវ្ម័នទី៧ និងសមរភូមិប្រយុទ្ធនៃកងទ័ពជើងទឹកខ្មែរ ច្បាំងនឹងទ័ពចាម។ ចម្បាំងនោះជាញជ័យ តែស្លាប់ពលសេនាយ៉ាងច្រើន។
បើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអោយដឹងថា ប្រាសាទបន្ទាយឆ្មារកសាងនៅចុងសតវត្សរ៍ទី១២ ដើម សតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺឧទ្ទិសដល់ព្រះរាជបុត្រស្រិន្ទ្រកុមាររបស់ទ្រង់ និងមេទ័ព ៤នាក់ទៀត ដែលបូជាជីវិតក្នុងសង្គ្រាមនឹងប្រទេសចាម្ប៉ា។ ប្រាសាទបន្ទាយឆ្មារ មានស្ថាបត្យកម្មក្នុងរចនាបថបាយ័ន។ ប្រាសាទមានផ្ទៃបរិវេណសរុបដល់ទៅ ៩ គ.មការ៉េ មានកសិណ ទទឹង ៦៥ ម ព័ទ្ធជុំវិញ មានផ្លូវចូលគ្រប់ ទិសធំដូចក្រុមប្រាសាទអង្គរធំដែរ ដោយមានរូបចម្លាក់យក្ស និងទេវតាទាញព្រ័ត្រ។ កំពែងព័ទ្ធជុំវិញមានប្រវែង ៨០០ម (ពីកើតទៅលិច) និង ៦០០ម (ពីជើងទៅត្បូង)។
តួប្រាសាទមានទំហំ ២៥០ម x ១៩០ម ក្រៅពីចម្លាក់ស្តីពីចម្បាំងនឹងប្រទេសចម្ប៉ា សកម្មភាពគ្រប់វិស័យ ទំនាក់ទំនងការទូត ពាណិជ្ជកម្ម វប្បធម៌ នឹងប្រទេសក្រៅនោះ ចំឡាក់មាននិយាយពីសកម្ម ភាពខាងពុទ្ធសាសនាមហាយាន។ កសិណទឹកព័ទ្ធជុំវិញប្រាសាទចាត់ជាបារាយណ៍ធំមួយ ហើយនៅបរិវេណ ខាងក្រៅព័ទ្ធជុំវិញប្រាសាទនេះមានប្រាសាទ ៩ទៀត។ នៅខាងកើតប្រាសាទមានធម្មសាលាមួយដែលសិលាចារឹកថា ជាកន្លែងបូជាសព និងឆ្ងាយពីនោះមានបារាយណ៍មួយទំហំ ១៦០០ម x ៧៥០ម នៅទិសខាងកើត (ដែលឥឡូវស្ងួតចែស) និងមានប្រាសាទមួយឈ្មោះមេបុណ្យនៅកណ្តាល។ ប្រាសាទមេបុណ្យ គេកសាងឡើងតាមព្រះតម្រិះព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះមាតាទ្រង់ ដែលបានសោយទីវង្គត ព្រោះតែកើតទុក្ខនឹងព្រះអង្គនិងចៅ(ព្រះស្រិន្ទ្រកុមារ) កាលនាំទ័ពច្បាំងនឹងប្រទេសចម្ប៉ា។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ២០១៦ និងការលើកទិសដៅការងារឆ្នាំ២០១៧ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា ក្រសួងកំពុងរៀបចំឯកសារនានាពាក់ព័ន្ធនឹងប្រាសាទបន្ទាយឆ្មារ ដើម្បីស្នើទៅកាន់អង្គការយូនេស្កូ ដាក់បញ្ចូលប្រាសាទនេះ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកដែរ បន្ទាប់ពីការរៀបចំឯកសារស្នើដាក់សុំបញ្ចូលប្រាសាទសម្បូរណ៍ព្រៃគុក រួចរាល់។ ប៉ុន្តែ លោកស្រីរដ្ឋមន្ត្រី មិនបញ្ជាក់ថាឯកសារនោះ នឹងរៀបចំរួចរាល់គ្រប់ជ្រុងជ្រោយ ស្របតាមស្តង់ដារ នៅពេលណានោះទេ គ្រាន់តែថាការរៀបចំឯកសារនេះ មានការពិបាក និងត្រូវចំណាយពេលយូរ៕
Comments