លោក ត្រាំ គំរាមចាត់វិធានការសងសឹកចិន និងលុបចោលកិច្ចព្រមព្រៀងជាមួយនឹងកូរ៉េខាងត្បូង
- lonborey
- Feb 17, 2018
- 1 min read

ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការសងសឹកប្រឆាំងនឹងដៃគូពាណិជ្ជកម្មអាស៊ីធំៗចំនួន ២ កាលពីថ្ងៃអង្គារ ដោយបានព្រមានដាក់ទណ្ឌកម្មប្រឆាំងនឹងចិន និងប្តេជ្ញាពិនិត្យមើលឡើងវិញ ឬលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង។
ដោយចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងពីបទបំផ្លាញឧស្សាហកម្មផលិតដែក និងអាលុយមីញ៉ូមរបស់អាមេរិក លោក ត្រាំ មានប្រសាសន៍ថា លោកបាន «ពិចារណានូវជម្រើសទាំងអស់» រួមទាំងពន្ធ និងកូតាផងដែរ។
នាពេលថ្មីៗនេះលោក ត្រាំ បានទទួលរបាយការណ៍ចំនួនពីររបស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងការឧបត្ថម្ភធនរបស់ចិនដែលត្រូវបានចោទប្រកាន់សម្រាប់ការនាំចេញដែក និងអាលុយមីញ៉ូមដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មជាច្រើនរាប់ចាប់ពីសំណង់រហូតដល់ឧស្សាហកម្មផលិតរថយន្ត។
លោកមានរយៈពេល ២ ខែទៀត ដើម្បីសម្រេចពីវិធានការសងសឹកដែលអាចអនុវត្តបាន តែលោកបានបង្ហាញយ៉ាងមុតមាំថា លោកកំពុងងាកទៅរកការតបតវិញទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
លោកថ្លែងថា៖ «ខ្ញុំនឹងធ្វើការសម្រេចចិត្តដែលឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍ប្រសើរបំផុតរបស់សហរដ្ឋអាមេរិក រួមទាំងភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាផលិតកម្មហួសកម្រិតនៅប្រទេសចិន និងនៅតាមប្រទេសផ្សេងទៀតជាដើម»។
ក្រុមអ្នកជំនាញជឿជាក់ថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងជំរុញឲ្យប្រទេសចិនឆ្លើយតបវិញ ដោយការប្រើប្រាស់ទណ្ឌកម្មរបស់ខ្លួនផ្ទាល់ដោយបានជំរុញស្មារតីនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង ២ នេះ។
ប្រទេសចិនផលិតប្រហែលពាក់កណ្តាលនៃទិន្នផលដែកពិភពលោក ហើយត្រូវបានចោទប្រកាន់ថាបានចាក់បញ្ចូលដែកតម្លៃថោកទាំងនោះទៅក្នុងទីផ្សារ ដើម្បីរក្សាសម្ទុះសេដ្ឋកិច្ចរបស់ខ្លួន។ តែលោក ត្រាំ ក៏ស្ថិតក្រោមសម្ពោធផងដែរ ដើម្បីសង្គ្រោះរោងចក្រដែលអាចក្ស័យធនដោយសារផលិតផលដែកលក់បង្ខូចតម្លៃទីផ្សារ។
កំណើនឱនភាពពាណិជ្ជកម្ម
ឱនភាពពាណិជ្ជកម្មរបស់អាមេរិក ដែលលោក ត្រាំ បានសន្យាម្តងហើយម្តងទៀតថានឹងដោះស្រាយនោះបានកើនឡើងជាបន្តនៅក្នុងអំឡុងពេលលោកកាន់អំណាចឆ្នាំដំបូង ដែលកើន ១២ ភាគរយដល់ ៥៦៦ ពាន់លានដុល្លារ។
លោក ត្រាំ បានប្រាប់ក្រុមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសេតវិមានថា៖ «ពួកគេកំពុងលក់ទំនិញបង្ខូចតម្លៃទីផ្សារ និងបំផ្លាញឧស្សាហកម្មរបស់យើង ហើយបំផ្លាញក្រុមគ្រួសារពលកររបស់យើង ហើយយើងមិនអាចបណ្តោយឲ្យបញ្ហានោះកើតឡើងនោះទេ»។
លោក ត្រាំ បានទទួលការគាំទ្រខ្លះពីក្រុមសមាជិកសភានេះ តែក៏មានការរំឭកផងដែរថា សកម្មភាពប្រឆាំងទៅនឹងប្រទេសចិននេះអាចជំរុញឲ្យតម្លៃទំនិញកើនឡើង ហើយប៉ះពាល់ដល់វិស័យផលិតកម្មរបស់អាមេរិកផ្សេងទៀតក្រៅពីវិស័យផលិតដែក និងអាលុយមីញ៉ូម។
លោក Roy Blunt សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានថ្លែងថា៖ «លោកប្រធានាធិបតី ខ្ញុំយល់ថាយើងពិតជាចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហានេះ ដែលយើងមិនចាប់ផ្តើមសង្គ្រាមទៅវិញទៅមកលើការហូតពន្ធនោះទេ»។
លោកបានមានប្រសាសន៍បន្តថា៖ «លោកដឹងទេ យើងផលិតអាលុយមីញ៉ូម យើងផលិតដែក។ តែយើងទិញអាលុយមីញ៉ូមច្រើន ហើយយើងទិញដែកក៏ច្រើនដែរ»។
លោក Daniel Ikenson បម្រើការនៅវិទ្យាស្ថាន CATO ដែលគាំទ្រពាណិជ្ជកម្មមានប្រសាសន៍ថា លោក ត្រាំ អាចនឹងត្រូវបង្ខំឲ្យកាត់បន្ថយវិធានការរបស់លោក។
លោក Ikenson បានសរសេរក្នុងសប្តាហ៍នេះថា៖ «បើទោះជាមានវោហារស័ព្ទនេះក្តី តែលោក ត្រាំ ពុំចង់បំផ្លាញសេដ្ឋកិច្ច «របស់លោកនោះទេ»។
លោកបានឲ្យដឹងទៀតថា៖ «បច្ចុប្បន្នលោក ត្រាំ បានយល់ដឹងកាន់តែច្រើនថា សកម្មភាពគ្មានការពិចារណាដែលលោកបានគំរាមអនុវត្តនោះនឹងធ្វើឲ្យខាតបង់ផ្នែកសេដ្ឋកិច្ច និងនយោបាយច្រើន»។
នោះក៏ជាការពិតផងដែរចំពោះទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូងដែលបានបង្កបញ្ហារួចទៅហើយ ដោយសារជម្លោះពាក្យសម្តីរបស់លោក ត្រាំ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
ដោយបានកំណត់ទិសដៅលើរដ្ឋាភិបាលក្រុងសេអ៊ូល លោក ត្រាំ បានត្អូញត្អែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០១២ របស់អាមេរិកជាមួយកូរ៉េខាងត្បូង «គឺជាគ្រោះមហន្តរាយមួយ» ដោយបានសន្យាថា សហរដ្ឋអាមេរិកនឹងចរចាឡើងវិញនូវ «កិច្ចព្រមព្រៀងដោយស្មើភាពមួយ» ឬលុបចោលកិច្ចព្រមព្រៀងនេះតែម្តង។
រដ្ឋបាលរបស់លោក ត្រាំ បានផ្តួចផ្តើមកិច្ចពិភាក្សាចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-កូរ៉េ (KORUS) កាលពីខែកក្កដា ឆ្នាំមុនដោយបានលើកឡើងថា កិច្ចព្រមព្រៀងនេះមានភាពលម្អៀង ដោយសារឱនភាពពាណិជ្ជកម្មទ្វេភាគីរបស់អាមេរិកបានកើនឡើងស្ថិតក្រោមកិច្ចព្រមព្រៀងនេះ។
លោក ត្រាំ ថ្លែងថា៖ «យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនល្អជាមួយកូរ៉េ» ។ លោកបានថ្លែងបន្តថា៖ «ចំពោះយើងកិច្ចព្រមព្រៀងនេះមិនបានផ្តល់ផលប្រយោជន៍អ្វី ក្រៅពីការខាតបង់នោះទេ»។
ការអធិប្បាយរបស់លោកប្រធានាធិបតីអាមេរិករូបនេះបានធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីលោកបានលើកឡើងពីប្រទេសកូរ៉េខាងត្បូង និងចិនរួមទាំងប្រទេសជប៉ុនផងដែរជុំវិញអតិរេកពាណិជ្ជកម្មរបស់ប្រទេសទាំងនេះជាមួយសហរដ្ឋអាមេរិកដោយបានចោទប្រកាន់ប្រទេសទាំងនោះថា «បានរួចខ្លួនពីការប្រព្រឹត្តខុសច្បាប់»៕
-------------------------------
ប្រភពៈpostkhmer.com
Comentarios