ស្ពានអាកាសនៅចោមចៅ នឹងបើកការដ្ឋានសង់នៅខែមេសានេះហើយ!
- ដោយ រ៉ឹម ភារី - cambonomist.com
- Feb 15, 2018
- 1 min read

នាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរគម្រោង ស្ពានអាកាស និង ផ្លូវក្រោមដី ដែលស្ថិតនៅរង្វង់មូលចោមចៅ នឹងត្រូវបើកការដ្ឋានសាងសង់ហើយ នេះបើតាមការអះអាងពីមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់ខេមបូណូមីសកាលពីពេលថ្មីៗនេះ។ ការសម្រេចនេះ គឺបន្ទាប់ពីមានកិច្ចប្រជុំមួយរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ។
នេះជាប្លង់ស្ពានអាកាស និង ផ្លូវក្រោមដីរង្វង់មូលចោមចៅ (រូបថត៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)
យ៉ាងណាក៏ដោយ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ចំណាយនិងកាលបរិច្ឆេទនៃការបញ្ចប់គម្រោងសាងសង់ស្ពានអាកាសនេះបាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា មុនការសម្រេចនេះ សាលារាជធានីភ្នំពេញ បានបង្កើតជម្រើសចំនួន៧ប្លង់ ប៉ុន្តែ សាលារាជធានីភ្នំពេញ ដែលសហការជាមួយអគ្គីសនីកម្ពុជា និង រដ្ឋាករទឹក បានជ្រើសរើសប្លង់មួយ ដែលមានផលប៉ះពាល់តិចបំផុត។លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលហេតុនៃការសាងសង់នេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រោះសេដ្ឋកិច្ចប្រជាជនមានការកើនឡើង ដែលជំរុញឲ្យមានកំណើនប្រជាជន និងកំណើនយានយន្តនៅលើដងផ្លូវ។
ជាក់ស្តែង រង្វង់មូលចោមចៅ មិនថាម៉ោងណានោះទេ តែងតែមានការកកស្ទះចរាចរណ៍ បើទោះបីយើងបានដាក់សមត្ថកិច្ចសម្រួលចរាចរណ៍ជាច្រើនកន្លែងក៏ដោយ។ ដូច្នេះ ទើបសាលារាជធានី បានស្នើសុំរដ្ឋាភិបាលសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនេះ»។
សូមបញ្ជាក់ថា ក្នុងបុព្វហេតុកាត់បន្ថយការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ បានកសាងស្ពានអាកាសបានចំនួន៤ ដូចជា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (ស្ពានអាកាសតិចណូ) ស្ពានអាកាសក្បាលថ្នល់ និងគ្រោងសម្ភោធស្ពានអាកាសដីហុយក្នុងពេលឆាប់ៗនេះផងដែរ៕
Comments