សមត្ថកិច្ចរកឃើញចម្ការកញ្ឆាដ៍ធំមួយកន្លែងនៅស្រុកគីរីវង់
- pnctv.net
- Jan 30, 2018
- 1 min read

ខេត្តតាកែវ ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦.៣០នាទី លោក ភិន សុភក្រ្ត័ អភិបាលរងស្រុកគិរីវង់បានសហការណ៍ជាមួយលោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ បានដឹកកម្លាំងជំនាញចុះបង្ក្រាបទីតាំងដែលប្រជាពលរដ្ឋលួចដាំកញ្ឆាខុសច្បាប់ចំនួន ៥៦ ទីតាំងស្មើនឹង ២១,៣៧១ ដើម អណ្តូងប្រស់ទឹកចំនួន ៦៣ អណ្តូង ដែលស្ថិតនៅចំនុច ជ្រោះឃ្លៃ . ដុមកំរ៉ែង. ដាខ្មៅ នៅខាងក្រោមជួរភ្នំបាយ័ងកោ និងគុហារចិន ដែលស្ថិនៅក្នុងភូមិ ជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដាំដុះនៅលើផ្ទៃដីចំ ៨,០៩២ ម៉ែតការេ ។
លោកអធិការស្រុកគីរីវង់បានឲ្យដឹងថា ដំណាំកញ្ឆាដែលកម្លាំងជំនាញបានកាប់បំផ្លាញហើយប្រមូលដុតចោលនៅនឹងកន្លែងតែម្តង លោកបានបន្តទៀតថា បន្ទាប់កម្លាំងដុតកម្ទេចចោលហើយ លោកបានដាក់បញ្ជាឲ្យកម្លាំងរបស់លោកស្រាវជ្រាវរកឲ្យឃើញមុខម្ចាស់ដំណាំកញ្ឆានេះ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។ ម្យ៉ាងទៀតលោកបានបញ្ជាក់បន្ថែមថា ចំពោះការបង្ក្រាបដំណាំកញ្ឆានេះ គឺដោយមានការចង្អុលបង្ហាញ នឹងដាក់បញ្ជាដូចភ្លៀងរលឹមពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាពិសេសបញ្ហាគ្រឿងញៀន ហើយចាប់ពីចូលខែមករាឆ្នាំ២០១៨មកដល់ថ្ងៃទី ២៥ ខែមករា កម្លាំជំនាញបង្ក្រាបបានសរុបចំនួន ៣៣,៥៨៧ ដើម អណ្តូងចំនួន ១០៩ អណ្តូង នឹង ១០១ ទីតាំងផងដែរ ក្នុងនោះអ្នកចូលរួមមានលោកអធិការរងទាំង ០៤ នាក់ លោកនាយ_នាយរងផ្នែកទាំង ០៨ លោកនាយ_នាយរងប៉ុស្តិទាំង ១២ និងមានការចូលរួមពីក្រុមប្រឹក្សាឃុំព្រះបាទជាន់ជុំ សរុបរួម ៧១នាក់ ។
Comments