សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១ (ត)
- ដោយ៖ Ny Watthanak
- Jan 19, 2018
- 1 min read

កូនស្ដេចសៀមទាំងបីអង្គ ដែលត្រូវជាប្អូនរបស់ព្រះរាមេសូរ មានចៅប៉ាសាត ចៅប៉ាអាត និងចៅដំបងពិសី។
ក្រោយពីរៀបចំកងពលសេនាបានល្អិតល្អន់ សព្វគ្រប់កាលណា ស្ដេចសៀមចេញបញ្ជាឲ្យលើកទ័ពចេញទៅវាយប្រហារស្រុកខ្មែរម្ដងទៀតជា លើកទីពីរ។ គឺនៅក្នុងឆ្នាំរោង មួយឆ្នាំក្រោយការវាយប្រហារលើកទី១។
នាសម័យនោះ ព្រះមហាក្សត្រខ្មែរមិនបានទទួលដំណឹង ដឹងអ្វីជាមុនសោះឡើយ។ កាលបើកងទ័ពសៀម បានវាយសម្រុកចូលមកដល់ខេត្ដបស្ចិមបូរី ទើបព្រះអង្គចេញបញ្ជាឲ្យព្រះមហាឧបរាជលើកទ័ពចេញទៅទប់ទល់នឹងខ្មាំង។ ការប្រយុទ្ធគ្នាមានសន្ទុះយ៉ាងខ្លាំងក្លា មានមនុស្សស្លាប់ និងរបួសជាច្រើន ដេកដួលរនៀលពាសពេញដី តែម្ខាងៗពុំទាន់មានប្រៀបឈ្នះ ចាញ់ស៊ីសងលើគ្នាឡើយ។ ជួនចំជារដូវវស្សា បានចូលមកដល់។ កងទ័ពសៀមបានបោះជំរំការពារនៅខេត្ដបស្ចិមបុរី។ ចំណែកខាងខ្មែរវិញ កងទ័ពទាំងអស់ត្រូវវិលត្រលប់ចូលក្នុងនគរវិញ។ ពលរេហ៍ទាំងប៉ុន្មាន ត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅតាមគ្រួសារ ផ្ទះសម្បែងភូមិស្ថានរៀងៗខ្លួន ដើម្បីប្រកបរបរកសិកម្ម ធ្វើស្រែចម្ការ ចិញ្ចឹមជីវិតដូចប្រក្រតី។
ឯកសារពង្សាវតារខ្មែរបានបញ្ជាក់ថា កាយវិការនេះជាការធ្វេសប្រហែស និងជាកំហុសមួយយ៉ាងធំរបស់ខ្មែរអ្នកដឹកនាំប្រទេសជាតិ។
ថ្ងៃ ៥កើត ខែមិគសិរ ឆ្នាំរោង ដដែល មេទ័ពសៀមព្រះបរមរាជា បានលើកទ័ពយ៉ាងច្រើនមហិមា ចូលមកស្រុកខ្មែរម្ដងទៀត។ កងទ័ពឈ្លានពានសៀម បានបោះជំហានជិតមកដល់មហានគរហើយ ទើបដំណឹងនេះត្រូវបានគេយកមកទូលព្រះមហាក្សត្រ។ ព្រះស្រីសុរិយោទ័យ ក្សត្រខ្មែរមានការភ្ញាក់ផ្អើល ភ័យព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ និងព្រឹត្ដិការណ៍ដែលមិនបានព្រាងទុកមុខនេះ។ ពីព្រោះចំជារដូវវស្សា ប្រជានុរាស្ដ្រកំពុងតែជាប់ដៃធ្វើស្រែចម្ការ ព្រះអង្គពុំមានលទ្ធភាពអាចនឹងប្រមូលកេណ្ឌទ័ពបានច្រើនដូចបំណង ឡើយ។ ទ័ពដែលប្រមែប្រមូលរៀបចំបានទាំងប៉ុន្មាន ព្រះរាជាដាក់ឲ្យស្ថិតនៅក្រោមបញ្ជាការបស់ព្រះមហាឧបរាជ ដោយមានឧកញ៉ាចក្រីវង្ស និងឧកញ៉ាមហាសេនាសួស ជាមេទ័ពរង។
បេសកកម្មធំដំបូង គឺត្រូវទៅទប់ទល់កងទ័ពសៀមនៅក្នុងខេត្ដនគររាជសីមា។ នៅលើសមរភូមិ កងទ័ពខ្មែរដែលហ្វឹកហ្វឺនមិនបានមាំមួន ពិតប្រាកដពីដើមទី ហើយដោយមានចំនួនតិចជាងសត្រូវ ត្រូវទទួលបរាជ័យយ៉ាងដំណំ បាក់ទ័ពដកឃ្លារត់មកបោះជំរំនៅខេត្ដនាងរោង។ តែកងទ័ពសៀមបានដេញប្រកិតជាប់ពីក្រោយ។ ការប្រយុទ្ធកាប់ចាក់គ្នាមានសភាពសាហាវឃោរឃៅអស្ចារ្យ។ មនុស្សស្លាប់ និងរបួសមានច្រើនឥតគណនា។ ទ័ពខ្មែរមួយចំនួន ដោយដឹងខ្លួនថាមិនអាចឈ្នះសត្រូវ បាននាំគ្នារត់ចាកចោលជួរ យកឲ្យរួចតែជីវិត។ ទោះបីជាដូច្នេះក៏ដោយ ក៏ទ័ពខ្មែរមួយចំនួន នៅតែគ្មានតក់ស្លុត ខំតស៊ូប្រយុទ្ធដោយអង់អាចក្លាហានដដែល។ មេទ័ពខ្មែរពីរនាក់ ព្រះមហាឧបរាជ និងឧកញ៉ាចក្រីវង្ស ត្រូវបានបូជាជីវិតនៅលើសមរភូមិ។ ចំណែកលោកមេទ័ពឧកញ៉ាមហាសេនាសួស នៅតែខំប្រឹងតស៊ូ ច្បាំងទប់ទល់នឹងខ្មាំងដោយឥតសំចៃដៃដដែល។ ដោយទ្រាំទ្រទប់ទល់បច្ចាមិត្ដតទៅទៀតមិនបាន លោកឧកញ៉ាមហាសេនាសួស ក៏ប្រមូលផ្ដុំទ័ព ដែលនៅសេសសល់ទាំងប៉ុន្មាន វាយប្រយុទ្ធសម្រុកដកឃ្លានាំសាកសពព្រះមហាឧបរាជ និងលោកឧកញ៉ាចក្រីវង្សចូលមហានគរវិញ។ ទ័ពសៀមនៅតែវាយប្រហារកាប់សម្លាប់យ៉ាងសាហាវ ហើយដេញតាមជាប់ប្រកិតពីក្រោយខ្នងជាដរាប។ ទ័ពខ្មែរចេះតែវាយដកថយចូលមហានគរជាលំដាប់។ នៅទីបំផុត ទ័ពសៀមបានលើកចូលមកដល់ប្រឈមមុខទល់នឹងមហានគរ។ មេទ័ពសៀមបរមរាជា បានបញ្ជាឲ្យកងទ័ពទាំងអស់បញ្ឈប់ដំណើរ ហើយបោះជំរំព័ទ្ធជិតជុំវិញព្រះមហានគរ។ ក្រោយដែលបានពិនិត្យស្ថានការណ៍សឹកអស់បីថ្ងៃមក មេទ័ពសៀមបរមរាជាក៏ចេញបញ្ជាឲ្យទ័ពសៀមតូចធំ រៀបចំខ្លួនដើម្បីចូលវាយសម្រុក លុកលុយដណ្ដើមយកព្រះរាជធានីខ្មែរឲ្យបាន។ កូនស្ដេចសៀម ព្រះរាមេសូរ ទទួលបេសកកម្មវាយប្រហារពីទិសខាងជើង ចៅប៉ាសាត វាយពីទិសខាងកើត ចៅប៉ាអាត វាយពីទិសខាងត្បូង និងចៅដំបងពិសី វាយពីទិសខាងលិច។ ការប្រយុទ្ធកាប់ចាក់គ្នា មានសភាពសាហាវខ្លាំងក្លាជារៀងរាល់ថ្ងៃ។ ពលទាហានទាំងសងខាងមានរបួស និងស្លាប់ច្រើនពាសពេញ ដេករនៀលរណែល តាមជើងកំពែងមហានគរ។ តែសៀមនៅតែដណ្ដើមយកមហានគរមិនទាន់បាន។ លោកឧកញ៉ាមហាសេនាសួស បានទទួបញ្ជាចេញទៅវាយឆ្មក់សត្រូវសៀមពីរដងដែរ តែមិនបានជោគជ័យឡើយ។
ចំពោះពង្សាវតារវត្ដទឹកវិល បានសរសេរបន្ថែមទៀតថា កងទ័ពខ្មែរបានបើកទ្វារចេញពីមហានគរជាញឹកញាប់ ដើម្បីវាយឆ្មក់ទ័ពសៀម។ ឯចៅហ្វាយខេត្ដ និងមេទ័ពខ្មែរ ដែលស្ថិតនៅខេត្ដខណ្ឌជិតឆ្ងាយ ក៏បានលើកទ័ពពលរេហ៍ ចេញមកជួយវាប្រហារទប់ទល់ នឹងទ័ពសៀម នៅមហានគរដែរ។ តែប្រតិបត្ដិការសឹកទាំងប៉ុន្មាន មិនបានទទួលជ័យជំនះឡើយ។ គ្រានោះកងទ័ពសៀមបាននាំគ្នាដើរលួចប្លន់ទ្រព្យសម្បត្តិ ច្រូតកាត់ស្រូវ ដឹកជញ្ជូនភោគផលកសិកម្ម និងដុតបំផ្លាញផ្ទះសម្បែង ភូមិស្ថានប្រជាពលរដ្ឋខ្មែរ។ ប្រជានុរាស្ដ្រខ្មែរជាច្រើន ត្រូវទ័ពសៀមដេញតាមកាប់ចាក់សម្លាប់ ធ្វើបាប ចាប់យកធ្វើជាឈ្លើយ។ ដើម្បីឲ្យរួចរស់រានមានជីវិត ផុតអំពីការចាប់ចង កាប់សម្លាប់ ធ្វើទុក្ខបុកម្នេញជិះជាន់របស់ទ័ពសៀម រាស្ដ្រខ្មែរស្លូតត្រង់ ទាំងស្រីទាំងប្រុស ទាំងក្មេងទាំងចាស់ នាំគ្នារត់គេចវេះ លាក់ខ្លួនពួនអាត្មា រស់នៅតាមព្រៃភ្នំក្រមថ្ម។
រីឯពង្សារតារ វង្សាសព៌េជ្ញនង វិញ បានចារថា នៅក្នុងគ្រានោះដែរ ដែលព្រះលំពង្សរាជាមានជំងឺជាទម្ងន់ ហើយបានចូលទិវង្គត។ ម្យ៉ាងទៀត គេមិនបានដឹងអំពីបុព្វហេតុដែលបណ្ដាលឲ្យនាម៉ឺនមន្ដ្រីទាំងអស់នាំ គ្នាមូលមតិជ្រើសរើស និងសុំយាងព្រះស្រីសុរិយោទ័យ បុត្រព្រះបាទនិព្វានបាទ ព្រះមហាក្សត្រទី២៦ ឲ្យឡើងសោយរាជ្យបន្ដពីព្រះបាទលំពង្សនោះឡើយ៕
Comments