top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១

  • កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ
  • Jan 19, 2018
  • 1 min read

សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១ ===============================================================================

លោក លោកស្រី មិត្តអ្នកអានជាទីមេត្រី !. នៅក្នុងសង្គ្រាមខ្មែរ-សៀម នៅពាក់កណ្តាលសតវត្សទី១៤ តាមព្រះរាជពង្សាវតារខ្មែរក្តី សៀមក្តី ហាក់មានការស៊ីសង្វាក់គ្នា អំពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅគ្រានោះ។ ប៉ុន្តែ ពង្សារសរសេរដៃរបស់ខ្មែរ ហាក់មានការកំណត់មិនច្បាស់អំពីក្សត្រខ្មែរគ្រងរាជ្យនាពេលនោះពីរព្រះអង្គ គឺព្រះលំពង់រាជា និងព្រះស្រីសុរិយោពណ៌។ ប៉ុន្តែ​ តាមសៀភៅប្រវត្តិសាស្ត្ររលោក ត្រឹង ងា និងសៀភៅក្រោយៗមកទៀត ដែលថា គឺជារាជ្យរបស់ព្រះបាទលំពង់រាជា។

ទោះយ៉ាងណាក្តី ក្នុងអត្ថបទដែលយើងលើក​យកមកនិយាយគ្រានេះ គឺជាដំណើររឿងដែលពណ៌នា ដូចទៅនឹងអត្ថបទវីរកថា ដែលបានបង្ហាញភាពស្វាហាប់របស់ព្រះមហាក្សត្រ និងកងទ័ពខ្មែរនាសម័យនោះ ទុកគ្រាន់ យកមកជម្រាបជូនលោកអ្នក ជាទីសណ្តាប់ដូចតទៅ៖

​ព្រះ​រាមេសូរ​ បាន​នាំ​កងពល​សេនា​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ​កាត់​ចុះ​ មក​តាម​នគររាជសីមា។​ ​ចៅហ្វាយខេត្ដខ្មែរ​នៅ​ទីនោះ​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​ដឹងខ្លួន​ជា​មុន​ ​ហើយ​ដែល​មិន​បាន​ប្រុងប្រៀប​ប្រមូល​កងទ័ព​ទប់ទល់​សត្រូវ​ឲ្យទាន់​ពេលវេលា​ឡើយ​ ​ក៏​ត្រូវ​បង្ខំចិត្ដ​នាំ​ក្រុម​គ្រួសារ​ខ្មែរ​ និង​នាម៉ឺន​មន្ដ្រីរាជការ​ ​រត់​ចាកចោល​ទីកន្លែង​ដែន​សីមា។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​គេ​ក៏​បាន​ធ្វើ​ចុតហ្មាយ​មួយ ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ខ្មែរ ​រៀបរាប់​គ្រប់​ព្រឹត្ដិការណ៍​ ​និង​កិច្ចការ​ទាំងឡាយ​ ដែល​កំពុង​តែ​កើត​មាន​ឡើង។​ ព្រះ​ស្រីសុរិយោទ័យ ​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ចាត់ចែង​ចេញ​បញ្ជា​ឲ្យ​ប្រមែប្រមូល​កេណ្ឌ​កងទ័ព​ ​ពល​សេនា​តាម​ខេត្ដ​ខណ្ឌ​នានា​ក្នុង​ព្រះ​នគរ។​ ​ ឧកញ៉ាចក្រីវង្ស​ ​ត្រូវ​បាន​ព្រះរាជា​តែងតាំង​ជា​មេទ័ព​ ​ទទួល​បេសកកម្ម​ ​ត្រូវ​លើក​កងពល​យោធា​ ចេញ​ទៅ​ទប់ទល់​នឹង​ទ័ព​សៀម​នៅ​ក្នុង​ខេត្ដ​បស្ចិមបុរី។​ ​

ប៉ុន្តែ បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​និង​ពង្សាវតារ​គណៈកម្មការ​សម្ដេច​សង្ឃនាយក​ទៀង​ បានចារថា ​មេទ័ព​ធំ​ ​ដែល​ព្រះមហាក្សត្រ​បាន​តែងតាំង​នោះ​ ​មាន​ឋានៈ​ជា​ឧបរាជ​ ​ហើយ​ត្រូវ​ជាប់​ជា​ព្រះ​ញាតិវង្ស​ទៀត​ផង។​

កងទ័ព​សៀម​ដែល​មើលងាយ​ទ័ព​ខ្មែរ​ ​បាន​ធ្វេសប្រហែស​ ​មិនសូវ​យកចិត្ដទុកដាក់​ប្រុង​ប្រយ័ត្ន​ឡើយ។​ ​ឆ្លៀតឱកាស​ដ៏​ល្អ​នេះ​ ​ព្រះ​ឧបរាជ​មេទ័ព​ខ្មែរ​ ​ក៏​បញ្ជា​កងពល​រេហ៍​ឲ្យ​វាយឆ្មក់​សន្ធប់​សម្រុក​បុក​យ៉ាង​ខ្លាំង​ ទៅ​លើ​សៀម ​ ​បំបែក​បំបាក់​ធ្វើ​ឲ្យ​ទ័ពអស់​របៀបរៀបរយ​ ​ភ័យ​ស្លន់ស្លោ​រ រត់​ប្រសេកប្រសាច​ទៅ​គ្រប់​ទិសទី។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​មាន​សភាព​យ៉ាង​សាហាវ​ខ្លាំងក្លា​គួរ​ឲ្យ​រន្ធត់​តក់ស្លុត​ក្រៃ​លែង។​ ​

គ្រានោះ​ឧបរាជ​ខ្លួនឯង ​បាន​បំបោល​ដំរី​ ​រុលចូល​លុក​ទៅ​ច្បាំង​កាប់​ចាក់​តទល់​ផ្ទាល់​នឹង​ព្រះ​ស្រីសុវត្ថិ​ ​(ព្រះចៅ​របស់ស្ដេច​សៀម)។​ ​នៅ​ទីបំផុត​ ​ព្រះ​ឧបរាជ​ក៏​បាន​កាប់​ចំ​ក​ព្រះ​ស្រីសុវត្ថិ​ មេទ័ព​សៀម​ ​ដាច់​ត្មិល ​ធ្លាក់​ពីលើ​ខ្នង​ដំរី។​ ​ ដោយ​កំពុង​តែ​បាន​ទទួល​ជោគជ័យ​ ​ព្រះ​ឧបរាជ​ខ្មែរ​ក៏​បញ្ជា​កង​យោធា​ឲ្យ​លុក​រុល​សម្រុក​តទៅ​មុខ​ដេញ​តាម​ កងទ័ព​សៀម។​ ​ដេញ​ទៅៗ​កងទ័ព​ខ្មែរ​បាន​ទៅ​ជួប​ប៉ះទង្គិច​គ្នា​ ​ជាមួយនឹង​កងទ័ព​ធំ​សៀម​ ​ដែល​ដឹកនាំ​ដោយ​ព្រះ​រាមេសូរ។​ ​ព្រះ​រាមេសូរ​ រៀបចំ​ពល​សេនា​ទប់ទល់​មិន​ទាន់​ ​ក៏​បញ្ជា​ឲ្យ​វាយ​ដកថយ​រត់​យករួចខ្លួន​សិន។​ ​កងទ័ព​សៀម​ត្រូវ​ទទួល​បរាជ័យ​បាក់បែក​រត់​ខ្ចាត់ខ្ចាយ​អស់​ ​ហើយ​ត្រូវ​ដកឃ្លា​ត្រលប់​ចូល​នគរ​វិញ។​ ពលសេនា​សៀម​ជាច្រើន ត្រូវ​កងទ័ព​ខ្មែរ​ចាប់​បាន​យក​មក​ធ្វើ​ជា​ឈ្លើយ​ ​ហើយ​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​ត្រូវ​រឹបអូស​យក​បាន។

កូនស្ដេច​សៀម​ ​ព្រះ​រាមេសូរ​ ​កាលបើ​រត់​បាន​ឆ្ងាយ​ចេញ​ផុត​ពី​ទឹកដី​ខ្មែរ​ហើយ​ ​ហើយដោយ​ពុំ​ឃើញ​មាន​ទ័ព​ខ្មែរ​ដេញ​តាម​ប្រកិត​ពីក្រោយ​ ​ក៏​បញ្ជា​ឲ្យ​ទ័ព​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ឈប់​សម្រាក​នៅ​នឹង​មួយ​កន្លែង។​ ​បន្ទាប់​មក​ព្រះ​អង្គ​ បាន​រៀបចំ​ចុតហ្មាយ​មួយ​ ​ផ្ញើ​ថ្វាយ​ទៅ​ព្រះ​បិតា​ព្រះ​ឧទង​រាមាធិបតី​ ​ដែល​គង់នៅ​ទីក្រុង​ស្រីអយុធ្យា។​ ​ព្រះ​រាមាធិបតី​ឈឺ​ចុកចាប់​ខ្លាំង​ណាស់​ ​ក្រោយ​ដែល​ដឹង​ថា​ចៅ​ព្រះ​អង្គ​ ​ព្រះ​ស្រីសុវត្ថិ​ ​ត្រូវ​បានមេទ័ព​ខ្មែរ​ ប្រហារជីវិតដោយ​កាត់​ក្បាល​លើ​សមរភូមិ។ ​ ​មិន​បង្អង់​យូរ​ ​ស្តេចសៀម​អង្គ​នេះ ចេញ​បញ្ជា​ឲ្យ​រៀបចំ​ប្រមែប្រមូល​ ​បង្ហាត់បង្រៀន​កងពល​យោធា​ឲ្យ​បាន​ចំនួន​ច្រើន​កុះករ​ជាទី​បំផុត។​ ​ដោយបាន​តែងតាំង​បងថ្លៃ ព្រះ​នាម​ព្រះ​បរមរាជា​ ​ជា​ប្រមុខ​ទ័ព​ធំ​ ដែល​មានកូន​ប្រុស​ទាំង​បី​របស់​ព្រះ​អង្គ​ ​នៅ​អម​ធ្វើ​ជា​ជំនួយ​ផង។​


댓글


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page