top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

ប្រវត្តិ - ស្តេចថៃជាកូនកាត់ចិនមួយអង្គ គឺព្រះចៅ​ តាកសុីន​ និង​ដើមកំណើតនៃរាជ្យវង្សចក្រី​ រតនៈកូសុីន

  • កំណត់ត្រាប្រវត្តិសាស្រ្តខ្មែរ
  • Jan 9, 2018
  • 1 min read

ស្តេចថៃជាកូនកាត់ចិនមួយអង្គ គឺព្រះចៅ​ តាកសុីន​ និង​ដើមកំណើតនៃរាជ្យវង្សចក្រី​ រតនៈកូសុីន ================================================================

បានជាខ្ញុំលើកយកអត្ថបទនេះមកនិយាយនាពេលនេះ ដោយសារចង់ភ្ជាប់នឹងអត្ថបទមុននេះបន្តិច ដែលស្តេចថៃ នាមព្រះនរេសូរ្យ ដែលវាយបណ្តេញទ័ពភូមាឈ្នះហើយ តែងតែមកវាយយកស្រុកខ្មែរជាបន្តទៀត ម្តងជាពីរដង ដើម្បីមកជម្រាបលោកអ្នកអាន ជាទីសណ្តាប់បន្ត ដូចមានបញ្ជាក់នៅខាងក្រោមនេះ៖

បើក្រឡេកទៅមើលប្រវត្តិសាស្រ្តថៃក្រោយរជ្ជកាលសម្តេចព្រះចៅផាន់ណារ៉េត​ ឬ​ សម្តេចព្រះណារ៉េសួន(នរេសូរ្យ)​ ប្រទេសថៃ​ ឬ​ ស្យាមប្រទេស បានកើតកលយុគយ៉ាងខ្លាំងដោយមានស្តេចដែលគ្មានទសពិធរាជធ៌មឡើងគ្រងរាជ្យបន្ត​ គឺព្រះចៅសឺ(ព្រះចៅខ្លា)​។​ ព្រះចៅខ្លា គឺជាស្តេចផ្តាច់ការ​ និង​ សាហាវជាទីបំផុត​ ទ្រង់សាងទុក្ខវេទនាដល់ប្រជាជនស្យាមយ៉ាងខ្លាំង​។​ ក្រោយមកស្យាមកើតសង្រ្គាមផ្ទៃក្នុងជាហូរហែរ​។​ មានស្តេចជាច្រើនឡើងគ្រងរាជ្យនៅក្រុងស្រីអយុធ្យា​។​ តែរឿងដែលគួរឲ្យសោកសង្រេងជាទីបំផុតក្នុងប្រវត្តិសាស្រ្តថៃ​ ក្នុងរាជ្យព្រះចៅឯកទត​ ដែលជាស្តេចមានជម្ងឺឃ្លង់ផងនោះ​ ក្រុងស្រីអយុធ្យាត្រូវទ័ពក្រុងហង្សាវតី​ សៀមហៅថា​ ហង្សាវ៉ាឌី​(ភូមា)​ វាយសម្រុកចូលក្រុងស្រីអយុធ្យាសម្លាប់ប្រជាជនសៀមយ៉ាងរង្គាល​ ហើយពេលនោះក្រុងស្រីអយុធ្យាបែកជា​ ៨​ចំរៀក​។​

និយាយពី​ តាកសុីន​ វិញ​៖ តាកសុីន​ ជាជនជាតិស្យាម​ កាត់ចិនទាជីវ​ រស់នៅខេត្តតាក​។​ កាលពីក្មេង​ តាកសុីន​ និង​ មិត្តម្នាក់ឈ្មោះ​ ថង​ ដួង​ បានបួសរៀនជាមួយគ្នា​ក្រោមការបង្ហាត់បង្រៀនរបស់ ព្រះសង្ឃ មួយអង្គ​។​ ព្រះសង្ឃដែលត្រូវជាគ្រូរបស់អ្នកទាំង​ ២​ បានទាយជោគវាសនាអ្នកទាំង​ ២​ ថា​ ថ្ងៃក្រោយអ្នកទាំង​ ២​ មានបុណ្យវាសនាខ្ពស់បានធ្វើស្តេចទាំង​ ២​ នាក់​។​ អ្នកទាំង​ ២​ លឺហើយ​ មិនសូវជាជឿប៉ុន្មានទេ​។​

ក្រោយមកចូលដល់សម័យសង្រ្គាម​ តាកសុីន​ បានចូលបម្រើទ័ព​ហ្លួងរបស់ព្រះចៅឯកទតហើយ​ ត្រូវបានតែង តាំងជា ចៅហ្វាយ ខេត្តតាក​។​ ក្នុងពេលដែលភូមាវាយចូលមកនៅឆ្នាំ​ ១៧៦៤​ ចៅពញាតាក(ហៅតាមខ្មែរ)​ បាននាំទ័ពតយុទ្ធនឹងទ័ពហង្សាវតី រហូតបានជោគជ័យជាអន្លើ​។​

តាកសុីន​ បានបង្រួបបង្រួមប្រទេសស្យ៉ាម​តែមួយឡើងវិញ រួចហើយឡើងសោយរាជ្យធ្វើស្តេច​ ដែលតាំងរាជធានីថ្មី នៅក្រុងធន បូរី(ខេត្តធនបូរីសព្វថ្ងៃ)​។ ដោយយល់ថា​ អយុធ្យានៅជិតភូមាពេក​ ណាមួយអយុធ្យាក៏បានឆេះខ្ទេចខ្ទីក្លាយជាផេះអស់ទៅហើយ​។

ក្រោយមកពញាតាក មានព្រះនាម​ ព្រះចៅក្រុងធនបូរី​។

ក្រោយពេលឡើងធ្វើស្តេចព្រះចៅតាកសុីន​ បានតែងតាំងមិត្តភក្តិខ្លួន​ ថង​ ដួង​ ដែលធ្លាប់បួសរៀនជាមួយគ្នាជា​ ឧកញ៉ាមហាសេនា​ ដឹកនាំទ័ពមកវាយយកខេត្ត​ ព្រះដំបង(បាត់ដំបង)​ ពីខ្មែរ​ និងបង្គាប់ឲ្យចក្រីដូង នាំបុត្ររបស់ទ្រង់ឈ្មោះចៅណយ ដែលទើបនឹង​សិក្ខពីបួស​ថាបើវាយឈ្នះនគរខ្មែរហើយត្រូវលើកចៅណយឲ្យសោយរាជនៅនគរខ្មែរ ដូចកាលស្តេចសៀមធ្លាប់ធ្វើកន្លងមកនៅ​ពីចុង​សម័យអង្គរដែរ។ ស្តេចតាកសុីនជា​អ្នកមាន​ជំនឿមុត​មាំយ៉ាងខ្លាំងក្នុងសាសនា​ព្រះពុទ្ធ​ រហូតតាំងខ្លួនជាព្រះពុទ្ធ​ ដោយបង្គាប់ឲ្យព្រះ​សង្ឃ​ និង​ ប្រជាជន​ គោរពបូជាខ្លួន​។​

ទង្វើរបស់ព្រះចៅ​តាកសុីន​ បានបង្កឲ្យប្រជាជនក្តៅក្រហាយ​ ហើយស្រុកទេសក៏កើតកោលាហល​ ជាខ្លាំង​។​ គ្រប់គ្នា​គិតថាព្រះ​ចៅតាកសុីនកើតវិប្បល្លាសស្មារតី(ឆ្កួត)​ មេទ័ពបានផ្ញើសារទៅ​ ឧកញ៉ាមហាសេនា​ ថង​ ដួង​ ដែលកំពុងជាប់ដៃវាយ​យក​ខេត្ត​ព្រះដំបង​ ឲ្យមកវិញជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិចលាចលក្នុងក្រុង​។​ ឧកញ៉ាមហាសេនា​ ថង​ ដួង​ កាលបើមកដល់ហើយ​ ឃើញថា​ តាកសុីន​ ពិតជាវិកលចរិតពិតមែន​ ក៏រៀបចំរដ្ឋប្រហារទម្លាក់តាកសុីន​ ហើយចាប់យកទៅប្រហារជីវិតចោល​ ព្រមទាំង​ព្រះញាតិនុវង្ស នៅឆ្នាំ១៧៨២ ។​

បន្ទាប់មក​ ឧកញ៉ាមហាសេនា​ ថង​ ដួង​ បានឡើងសោយរាជ្យ​ ហើយផ្លាស់រាជធានីពី​ ធនបូរី​ មក​ ក្រុងទេព​ ណងស្នោរ​ ហើយអភិសេកខ្លួនជាស្តេច(១៧៨២-១៨០៩) ដោយប្រសិទ្ធិនាមខ្លួនថា​ "ព្រះពុទ្ធយ៉តហ្វា​ ជូឡាលោក​"។​

ព្រះពុទ្ធយ៉តហ្វា​ ជូឡាលោក​ ជាស្ថាបនិក​នៃរាជ្យវង្សចក្រី​ រតនៈកូសុីន​ ហើយក៏ជាព្រះចៅរាមាទី​ ១​ ផងដែរ​។​ បន្ទាប់មកបុត្ររបស់ព្រះអង្គឡើងគ្រងរាជ្យបន្តគឺព្រះចៅរាមាទី​២​ ព្រះនាម​ ព្រះពុទ្ធឡឺតថ្លា​ នភាល័យ​។​ ក្នុងប្រវត្តិសាស្រ្ត​ មានតែស្តេច​ ២​អង្គនេះប៉ុណ្ណោះ ដែលមានព្រះនាម​ ព្រះពុទ្ធនៅពីមុខ​។​

ក្រោយមករាជ្យវង្សចក្រីរុងរឿងយ៉ាងខ្លាំង​ ហើយព្រះចៅ​ ភូមិបុល​ អាឌុលយ៉ាតេជ​ ជាព្រះចៅ​ រាមាទី​ ៩​ ។​ ព្រះចៅភូមិបុល​ អាឌុលយ៉ាតេជ​ ត្រូវបានប្រវត្តិសាស្រ្តថៃកត់ត្រាថាជាស្តេចដែលធ្វើឲ្យបាត់បង់ខេត្ត​ បាត់ដំបង​ ស្ទឹងត្រែង​ ពោធិ៍សាត់​ និង​ ប្រាសាទព្រះវិហារមកខ្មែរយើងដែរ​។​ តែការពិតដីខ្មែរ ជារបស់ខ្មែរ​។​ ដីខ្មែរដែលបាត់ហើយបានមកវិញ​ វាជារឿងសមហេតុផលមួយ​។

យើងមិនប្រាកដថា តើបុព្វការី របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងយ៉ាងណាជាមួយព្រះចៅតាកស៊ីន អង្គនេះទេ ដែលហាក់ដូចជា ធ្វើឲ្យស្តេចក្រោយនៃរាជវង្សចក្រី គឺស្ថិតក្នុងរាជព្រះបាទ រាមាទី៩ បានធ្វើរដ្ឋប្រហារ និងបណ្តេញលោកចេញទាំងគ្រួសារ ពីប្រទេស យ៉ាងដូច្នេះ។


 
 
 

Comments


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page